A ~ English for You

08 សីហា 2022

អ្នកស្រី កាំង វ៉ាន់ឌី អាយុ៣១ឆ្នាំ  ជាអាជីវករលក់ចាប់ហួយ និងជាម្ដាយរបស់កូនពីរនាក់ ដឹងថាទឹកដោះម្ដាយមានសារសំខាន់ណាស់សម្រាប់កូនៗរបស់គាត់ដើម្បីចាប់ផ្តើមនូវការលូតលាស់ដ៏ល្អបំផុតក្នុងដំណាក់កាលដំបូងនៃជីវិតរបស់ពួកគេ។

អ្នកស្រីបាននិយាយថា៖ “ដំបូងទឹកដោះម្តាយ គឺជួយភ្នែក ខួរក្បាលកុមារ និងពង្រឹងប្រព័ន្ធភាពស៊ាំនឹងជំងឺ ធ្វើឲ្យសុខភាពរឹតតែល្អ ដោយការពារសរីរាង្គកាយទាំងនេះពីការវាយលុករបស់មេរោគ និងជំងឺនានា។​ ហើយនៅពេលពួកគេធំឡើង ពួកគេឆ្លាត នៅក្នុងការសិក្សា និងការរស់នៅក្នុងជីវិតប្រចាំថ្ងៃ។”

អ្នកស្រី វ៉ាន់ឌី រស់នៅជាមួយកូនស្រីម្នាក់អាយុបីឆ្នាំ និងកូនប្រុសម្នាក់អាយុប្រាំមួយខែ នៅក្នុងខេត្តរតនគិរី ជាខេត្តនៅព្រំដែនមានព្រៃឈើក្រាស់ ដែលគេស្គាល់ទូទៅថាជាខេត្តដែលមានព្រៃឈើស្រស់បំព្រង និងមានសហគមន៍ជនជាតិដើមភាគតិចរស់នៅតំបន់ដាច់ស្រយាល។ ដូចប្រជាជនដទៃទៀតនៅក្នុងសហគមន៍របស់ខ្លួនដែរ អ្នកស្រី​ វ៉ាន់ឌី ពឹងអាស្រ័យលើប្រាក់ចំណូលពីរបរកសិកម្ម។ គាត់ និងប្ដីរបស់គាត់បានធ្វើដំណើរចេញពីខេត្តបាត់ដំបងមកខេត្តរតនគិរីនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីធ្វើចំការស្វាយចន្ទី។ បន្ទាប់ពីជំងឺកូវីត-១៩ បានវាយលុក ព្រំដែនត្រូវបានបិទ ហើយតម្លៃស្វាយចន្ទីដែលកសិករអាចទទួលបានសម្រាប់កសិផលរបស់ខ្លួន បានធ្លាក់ចុះយ៉ាងខ្លាំង។ មានគ្រួសារជាច្រើនត្រូវបង្ខំចិត្តស្វែងរកមុខរបរផ្សេងទៀតដើម្បីរកប្រាក់ចំណូល ឬក៏ខ្ចីបំណុលគេដើម្បីមានប្រាក់គ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារ។ 

ស្ត្រីជាម្ដាយជាច្រើននៅក្នុងសហគមន៍ដាច់ស្រយាល និងសហគមន៍ពិបាកទៅដល់ ដូចជាសហគមន៍នៅក្នុងខេត្តរតនគិរីជាដើម បានបាត់បង់ឱកាសក្នុងការទំនាក់ទំនងជាមួយនឹងបុគ្គលិកសុខាភិបាល។ ទោះជាយ៉ាងនេះក្ដី អ្នកស្រី វ៉ាន់ឌី បានមានប្រសាសន៍ថាគាត់នៅតែពឹងពាក់លើសេវាកម្មគាំទ្រពីមណ្ឌលសុភាពពយ និងពីគ្លីនិកក្នុងមូលដ្ឋានរបស់គាត់ដដែល ដើម្បីថែទាំសុខភាពកូនៗរបស់គាត់ ទោះបីជាមានការលំបាកផ្នែកហិរញ្ញវត្ថុក្ដី។ នៅពេលដែលគាត់មានផ្ទៃពោះក្នុងពេលដែលជំងឺកូវីត-១៩ ឆ្លងរីករាលដាលខ្លាំងបំផុតនោះ ក៏គាត់មិនដែលខកខានពីការណាត់ជួបមុនសម្រាលជាមួយគ្រូពេទ្យម្ដងណាឡើយ និងតែងតែយកកូនស្រីទៅចាក់ថ្នាំបង្ការបានជាទៀងទាត់ទៀតផង។ នៅត្រង់ចំណុចនេះហើយដែលគាត់បានដឹងពីសារសំខាន់នៃទឹកដោះម្ដាយនៅក្នុងការបង្ការជំងឺ និងជំរុញការអភិវឌ្ឍខួរក្បាលទារកដែលទើបនឹងកើត ហើយដឹងថាទឹកដោះម្ដាយ គឺជាអាហារូបត្ថម្ភដ៏ល្អបំផុត និងតែមួយមុខគត់ដែលទារកត្រូវការនៅក្នុងរយៈពេលប្រាំមួយខែដំបូងនៃអាយុរបស់ពួកគេ។

ដោយអនុវត្តតាមការណែនាំរបស់មណ្ឌលសុខភាពបានខ្ជាប់ខ្ជួន រួមមានរបៀបបំបៅកូនដោយទឹកដោះម្ដាយឲ្យបានត្រឹមត្រូវ ប្រកបដោយអនាម័យល្អ និងការផ្ដល់អាហារបន្ថែម ក្រោយពីទារកអាយុបានប្រាំមួយខែ អ្នកស្រី វ៉ាន់ឌី បានមានប្រសាសន៍ថា  កូនៗរបស់គាត់មានសុខភាពល្អ និងកម្រឈឺណាស់ បើប្រៀបធៀបនឹងកុមារដទៃដែលមានអាយុស្របាលគ្នានៅក្នុងភូមិ។

គាត់បានបន្តទៀតថា “ជីវិតវាលំបាកហើយក្នុងអំទ្បុងពេលមានជំងឺកូវីដរាតត្បាត ប៉ុន្តែយើងត្រូវតែប្រឹងប្រែងរស់ ហើយឥឡូវនេះយើងកំពុងតែខិតខំធ្វើការរកចំណូលបន្ថែមទៀត។”

ការបំបៅកូនដោយទឹកដោះម្ដាយ ដោយចាប់ផ្ដើមបំបៅភ្លាមៗនៅក្នុងរយៈពេលមួយម៉ោងដំបូងក្រោយពីទារកកើត រួចហើយបំបៅទឹកដោះម្ដាយនេះតែមួយមុខគត់នៅក្នុងរយៈពេលប្រាំមួយខែទៀត ហើយបន្តបំបៅទឹកដោះម្ដាយនេះរហូតដល់រយៈពេលពីរឆ្នាំ ឬលើសពីនេះដោយមានផ្ដល់អាហារបន្ថែមដែលមានសុវត្ថិភាព និងសមស្រប ត្រូវបានចាត់ទុកថាជាការអនុវត្តមួយដែលមានប្រសិទ្ធភាពបំផុត សម្រាប់លើកកម្ពស់សុខុមាលភាពកុមារ។ ការបំបៅកូនដោយទឹកដោះម្ដាយធ្វើឲ្យប្រសើរឡើងនូវអត្រារស់រានមានជីវិតរបស់កុមារ ជួយការពារប្រឆាំងនឹងជំងឺដែលគម្រាមកំហែងដល់អាយុជីវិត និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត ហើយវាក៏ជួយលើកកម្ពស់ការលូតលាស់របស់កុមារប្រកបដោយសុខភាពល្អ និងការអភិវឌ្ឍតាំងពីតូចៗមកផងដែរ។

ការបំបៅដោយទឹកដោះម្ដាយក៏ជួយទ្រទ្រង់ដល់ការអភិវឌ្ឍខួរក្បាលប្រកបដោយសុខភាពល្អផងដែរ ហើយក៏ជួយបង្កើនសមត្ថភាពខួរក្បាលខ្ពស់នៅក្នុងការធ្វើតេស្តិ៍បញ្ញា នៅក្នុងចំណោមកុមារ និងយុវវ័យនៅគ្រប់កម្រិតប្រាក់ចំណូលរបស់គ្រួសារទាំងអស់។ មានការប៉ាន់ស្មានថាការជំរុញអត្រាបំបៅកូនដោយទឹកដោះម្ដាយនៅទូទាំងពិភពលោក​ នឹងអាចសង្គ្រោះអាយុជីវិតកុមារដែលមានអាយុក្រោមប្រាំឆ្នាំ លើសពី ៨២០.០០០ នាក់ ជារៀងរាល់ឆ្នាំ។     

0 comments:

Post a Comment