A ~ English for You

 សុខភាព​កុមារ​អាយុ​ក្រោម ១ ឆ្នាំ​និង​កង្វល់​របស់​ឪពុក​ម្ដាយ​ថ្មីថ្មោង

សុខភាព​របស់​កុមារ ជា​កត្តា​សំខាន់​មួយ ដែល​ឪពុក​ម្ដាយ​ច្រើន​ព្រួយ​បារម្ភ និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ដោយសារ​តែ​កុមារ​ក្នុង​វ័យ​នេះ​នៅ​ទន់​ខ្សោយ និង​ត្រូវ​ការ​ចម្រើន​លូតលាស់។ ក៏​ប៉ុន្តែ គ្រូពេទ្យ​ជំនាញ​ខាង​រោគ​កុមារ​ឱ្យ​ដឹង​ថា ការ​ព្រួយ​បារម្ភ​ខ្លះ​មិន​ត្រឹមត្រូវ ព្រោះ​មិន​បាន​ដឹង​ច្បាស់​អំពី​កុមារ។

ជា​ទូទៅ កុមារ ដែល​ទើប​នឹង​កើត រហូត​ដល់​អាយុ ៥ ឆ្នាំ ជា​វ័យ​ដែល​ឪពុក​ម្ដាយ គ្រូពេទ្យ​នៅ​ទូទាំង​ពិភព​លោក និង​អង្គការ​សុខភាព​ពិភពលោក​ព្រួយ​បារម្ភ និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត ចំពោះ​ការ​ថែទាំ​សុខភាព។


ទន្ទឹម​គ្នា​នឹង​ការ​គិត​គូរ​លើ​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​នេះ គ្រូពេទ្យ​ឯកទេស​រោគ​កុមារ​នៃ​មន្ទីរ​ពេទ្យ រ៉ូយ៉ាល់ រតនៈ រាជ​ធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី មានប្រសាសន៍​ថា កុមារ​អាយុ​ក្រោម ១ ឆ្នាំ ជា​វ័យ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស ពីព្រោះ​វ័យ​នេះ​នៅ​ទន់​ខ្សោយ​ខ្លាំង៖ «ចាប់​ពី​មួយ​ឆ្នាំ​ទៅ វា​ដូច​មនុស្ស​ចាស់​អ៊ីចឹង។ យើង​ស៊ី​អី​វា​ស៊ី​ហ្នឹង។ ដូច្នេះ អត់​មាន​ប្លែក​ទេ។ ដែល​ចម្លែក​ពី​កើត​ដល់​ក្រោម​មួយ​ឆ្នាំ គឺ​ពី​កើត​ដល់​មួយ​ឆ្នាំ។ ចន្លោះ​ហ្នឹង​វា​ខ្សោយ​អត់​មាន​អង់ទីក័រ អត់​មាន​អី​ទេ ដូច​ទាហាន​មួយ​មិន​ទាន់​ហ្វ័រម៉ាស្យ៉ុង (បង្កើត) អ៊ីចឹង»។


ដោយហេតុ​នេះ​ហើយ ទើប​លោក​វេជ្ជបណ្ឌិត​ឱ្យ​ដឹង​ថា ឪពុក​ម្ដាយ​ថ្មីថ្មោង ដែល​ទើប​មាន​កូន​ដំបូង​ជា​ច្រើន តែង​មាន​ការ​លំបាក និង​ព្រួយ​បារម្ភ​ច្រើន ចំពោះ​សុខភាព​កូន ហើយ​ជា​មូលហេតុ​ធ្វើ​ឱ្យ​គាត់​នាំ​កូន​មក​ជួប​គ្រូពេទ្យ​ជា​ញឹកញាប់។


លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ទៀត​ថា ជួនកាល ឪពុក​ម្ដាយ​ថ្មីថ្មោង ដែល​ទើប​មាន​កូន​ដំបូង នាំ​កូន​មក​ជួប​ពេទ្យ​ដោយ​មិន​មាន​បញ្ហា​អ្វី​សោះ ព្រោះ​ពួក​គាត់​ច្រើន​មិន​សូវ​មាន​ការ​យល់​ដឹង​ច្រើន​ទេ​អំពី​ការ​ចម្រើន​លូតលាស់​របស់​កូន។ ដូច្នេះ ឪពុក​ម្ដាយ​ថ្មីថ្មោង គប្បី​យល់​ដឹង​ឱ្យ​ច្រើន​អំពី​ការ​ចម្រើន​លូតលាស់​របស់​កុមារ​ក្នុង​អាយុ​ក្រោម ១ ឆ្នាំ៖ «កាល​ណា​យើង​មាន​ការ​យល់​ដឹង​លើ​ការ​វិវឌ្ឍ​របស់​កុមារ​តូច​ហ្នឹង ធ្វើ​ឱ្យ​យើង​ចំណេញ​ច្រើន​ណាស់ ព្រោះ​អី​គេ​ធ្វើ​ការ​សិក្សា​គេ​សង្កេត​ឃើញ​ថា ២៥% នៃ​ឪពុក​ម្ដាយ បាន​នាំ​កូន​ជា​សោះ​ទៅ​មន្ទីរ​ពេទ្យ ដោយសារ​គាត់​យល់​ថា កូន​គាត់​ហ្នឹង​ឈឺ។ ២៥% ទៀត ទុក​កូន​ដែល​ឈឺ​ហ្នឹង​នៅ​នឹង​ផ្ទះ ដោយ​គាត់​យល់​ថា កូន​ហ្នឹង​ជា។ ថី​បាន​មាន​ហេតុ​ការ​ហ្នឹង​កើត? គឺ​ដោយសារ​តែ​គាត់​មិន​ដឹង។ មាន​តែ ៥០% ទេ​ដែល​ធ្វើ​ត្រឹមត្រូវ គឺ​កូន​គាត់​ឈឺ គាត់​ដឹង​ឈឺ ជា​គាត់​ដឹង​ជា»។


ដើម្បី​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​ខ្លាំង លោក​វេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី មាន​សារ​សំខាន់ៗ មួយ​ចំនួន​សម្រាប់​ណែនាំ​ឪពុក​ម្ដាយ​ថ្មីថ្មោង​ឱ្យ​យល់ដឹង​អំពី​ការ​ចម្រើន​លូតលាស់​របស់​កុមារ។ លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា កុមារ​មាន​ការ​ចម្រើន​លូតលាស់​ជា​ដំណាក់កាល ចាប់​ពី​ពេល​កើត​រហូត​ដល់​អាយុ ១ ឆ្នាំ។


ចំណុច​ទី​មួយ លោក​វេជ្ជបណ្ឌិត​ចង់​ឱ្យ​ឪពុក​ម្ដាយ​វ័យ​ក្មេងៗ និង​មា​កូន​ដំបូង យល់​អំពី​ការ​ចម្រើន​លូតលាស់​នៃ​ភ្នែក​របស់​កុមារ​ដែល​ទើប​នឹង​កើត៖ «កុមារ​កើត​ឡើង​ភ្លាម ដល់​អាយុ​មួយ​ខែ វា​មើល​ឃើញ​បាន​តែ​ប្រហែល ២០ សង់ទីម៉ែត្រ​ពី​ភ្នែក​ទេ។ ឆ្ងាយ​ពី​ហ្នឹង​ហ៊្លូ (ព្រិលៗ) អត់​អាច​ឃើញ​មុខ​ទេ។ អ៊ីចឹង​យើង​គិត​ទៅ​ចម្ងាយ ២០ សង់ទីម៉ែត្រ យើង​ប្រៀប​បាន​កន្លះ​ចំអាម​មនុស្ស​ចាស់​យើង ២០ សង់ទីម៉ែត្រ​ពី​ភ្នែក​កុមារ។ អ៊ីចឹង អ្វី​ដែល​កុមារ​អាច​មើល​ឃើញ បើ​ថា​បៅ​ទឹក​ដោះ​គោ គឺ​មើល​ឃើញ​កំប៉ុង​ទឹក​ដោះ​គោ។ បើ​វា​បៅ​ដោះ គឺ​មើល​ឃើញ​តែ​ដោះ​ម៉ាក់​ទេ។ អ៊ីចឹង រាល់​ពេល​ដែល​កុមារ​ហ្នឹង​បៅ តែង​សម្លឹង​ទៅ​លើ​វត្ថុ​ណា ដែល​វា​មើល​ឃើញ។ អ៊ីចឹង​វា​ប្រឹង​មើល​តែ​ដប​ទឹក​ដោះ​គោ​ហ្នឹង ប្រសិនបើ​យើង​ឱ្យ​បៅ​ទឹក​ដោះ​គោ។ នៅ​វា​ប្រឹង​មើល​ដប​ទឹក​ដោះ​គោ យើង​ឃើញ​ភ្នែក​ខ្មៅៗ គឺ​គ្រាប់​ខ្មៅៗ ហ្នឹង ចូល​មក​ក្បែរ​គល់​ច្រមុះ​ទាំង​សងខាង ដូច​ស្រឡេវ​អ៊ីចឹង»។


លោក​ថ្លែង​ថា នៅ​ពេល​ដែល​ភ្នែក​របស់​កុមារ​រួម​ចូល​ក្នុង​មក​រក​ច្រមុះ​ដូច្នេះ ទើប​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​មួយ​ចំនួន​ភ័យ​ព្រួយ​ខ្លាច​កូន​មាន​ភ្នែក​ស្រឡេវ ហើយ​នាំ​ទៅ​ជួប​គ្រូពេទ្យ៖ «ការ​ដែល​នាំ​ទៅ​ពេទ្យ​ហ្នឹង ដែល​លោក​គ្រូ​ថា កូន​ធម្មតា​សោះ​យក​កូន​ទៅ​ពេទ្យ។ បើ​យើង​ទៅ​ជួប​ពេទ្យ​ជំនាញ​កុមារ​គាត់​ដឹង​នោះ​មិន​អី​ទេ។ បើ​ទៅ​ជួប​ពេទ្យ​រាយរង​អី ខ្លះ​គាត់​មិន​មែន​ពេទ្យ​ផង គាត់​ថា​ឈឺ​អ៊ីចេះ ឬ​ឈឺ​អ៊ីចុះ រឿងរ៉ាវ​តទៅ​ទៀត»។


ទាក់ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជ​បណ្ឌិត​បញ្ជាក់​ថា មិន​មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​​ទេ៖ «ដូច្នេះ នៅ​ពេល​ដែល​កុមារ​ក្រោម​មួយ​ខែ​បៅ​ដោះ យើង​តែងតែ​ឃើញ​ភ្នែក​ខ្មៅៗ ទាញ​មក​កៀន​គល់​ច្រមុះ​ហ្នឹង គឺ​ធម្មតា​ទេ។ យើង​សង្កេត​បន្តិច​ទៅ នៅ​ពេល​ដែល​កូន​ហ្នឹង​ចាប់​ផ្ដើម​ធំ​បាន​មួយ​ខែ ឬ​ពីរ​ខែ វា​ចាប់​ផ្ដើម​មើល​ឃើញ​ឆ្ងាយ វា​ចាប់​ផ្ដើម​សម្លឹង​ឆ្ងាយ ពេល​នោះ​ភ្នែក​ហ្នឹង​វា​រៀបរយ​ដូច​ធម្មតា ពេល​សម្លឹង​ទៅ​គឺ​ផ្នែក​ខ្មៅៗ នោះ​ចំ​កណ្ដាល​វិញ​ហើយ។ ប៉ុន្តែ​ដំបូង​កុំ​ច្រឡំ ឱ្យ​តែ​វា​បៅ​ភ្នែក​វា​កែក​អ៊ីចឹង​ គឺ​ជា​​ករណី​ធម្មតា​ទេ»។


ការ​ព្រួយ​បារម្ភ​មួយ​ទៀត ដែល​គ្រូពេទ្យ​ឧស្សាហ៍​ជួប​ដែរ គឺ​ឪពុក​ម្ដាយ​បាន​ប្រាប់​គ្រូពេទ្យ​ថា កូន​តូច​របស់​គាត់​ឈឺ​ពោះ ឈឺ​ត្រចៀក ឬ​ឈឺ​ក្បាល ព្រោះ​តែ​កូន​តូច​នោះ​អង្អែល​ពោះ អង្អែល​ត្រចៀក ឬ​អេះ​ក្បាល ហើយ​យំ។ បញ្ហា​នេះ ត្រូវ​បាន​វេជ្ជបណ្ឌិត អ៊ុង វិសុទ្ធ​មុនី ពន្យល់​ដូច្នេះ៖ «សូម​បញ្ជាក់​ថា កុមារ​ក្រោម​មួយ​ឆ្នាំ អ្វី​ដែល​វា​ចេះ គឺ​ថា​បើ​មាន​ស្អី​ប៉ះ​ដៃ​វាៗ យក​មក​ដាក់​មាត់។ តែ​ប៉ុណ្ណឹង​ទេ។ កាយ​វិការ​របស់​វាៗ បញ្ជា​បាន​តែ​ប៉ុណ្ណឹង​ទេ តាម​ភាវគតិ​របស់​វា។ មាន​អ្វី​ប៉ះ​ដៃ គឺ​យក​មក​ដាក់​មាត់ ទោះ​បី​ជា​ដៃ​នោះ​គគ្រិច ឬ​ស្អាត​ក៏​ដោយ ឡាម​ក៏​ដោយ ម្ជុល​ក៏​ដោយ គឺ​វា​ដាក់​មាត់​ជា​និច្ច។ នេះ​គឺ​ជា​រ៉េហ្វ្លិច (reflex) ពញ្ញាក់​របស់​កុមារ។ អ៊ីចឹង កុមារ​អត់​អាច​បញ្ជា​ដៃ​ទៅ​លូក​មាត់ លូក​ច្រមុះ លូក​ភ្នែក អង្អែល​ពោះ​បាន​ទេ។ អ៊ីចឹង ពេល​ឃើញ​កុមារ​អង្អែល​ពោះ គឺ​ជា​ភាវគតិ​មួយ​ទៅ​ដោយ​ចៃដន្យ។ កុំ​ឃើញ​ថា​កូន​អង្អែល​ពោះ យក​ប្រេង​កូឡា​ទៅ​បំពោក។ ឪពុក​ម្ដាយ​ខ្លះ​គាត់​ភ័យ ពេល​ឃើញ​កូន​ខ្លះ​យក​ដៃ​បោច​សក់ ដល់​បោច​ឈឺ​ទៅ​វា​យំ ពេល​ហ្នឹង​គាត់​ថា កូន​ខ្ញុំ​ឈឺ​ក្បាល​ខ្លាំង​ណាស់​លោក​គ្រូ សុំ​លោក​គ្រូ​ជួយ។ នេះ​គឺ​កុមារ​ជា​សោះ យើង​ភ័យ ដាក់​ច្បាប់​ការងារ ភ័យ​តក់​ស្លុត​អស់​លុយ​អស់​កាក់​មក​ពេទ្យ​ខាត​ពេល​វេលា​ខាត​អារម្មណ៍​ច្រើន»។


ចំពោះ​សំណួរ​សួរ​ថា តើ​ត្រូវ​សម្គាល់​ដូច​ម្ដេច​ទើប​ដឹង​ថា កុមារ​នោះ​ឈឺ​ត្រង់​ណា​មួយ​ពិត​មែន? លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា សញ្ញា​សម្គាល់​មួយ គឺ​ការ​យំ​របស់​កុមារ៖ «យំ​ហ្នឹង​យើង​អាច​បែងចែក យំ​មួយ​គឺ​យំ​ខូច យំ​រំអួយ​ង៉ែៗ។ មួយ​ទៀត យំ​ង៉ាងៗ ដូច​គេ​ទៅ​ក្ដិច​វា​អ៊ីចឹង។ ដូច្នេះ ពេល​ដែល​យំ​ង៉ាង​អ៊ីចឹង គ្មាន​នរណា​ដឹង​ថា​វា​ឈឺ​ច្រមុះ ឈឺ​ភ្នែក ឈឺ​ត្រចៀក ឬ​ឈឺ​ពោះ​ទេ។ ប៉ុន្តែ ឈឺ​ង៉ាង​អ៊ីចឹង​គ្រូពេទ្យ​គេ​ចេះ គេ​ពិនិត្យ។ ពេល​គេ​មើល​ទាំង​អស់ របស់​ដែល​វា​អាច​ឈឺ។ ក្មេង​ភាគ​ច្រើន​ត្រចៀក ដោយសារ​វា​បៅ​ហូរ​ចូល ឬ​យើង​ងូត​ទឹក។ គ្រូពេទ្យ​ចាប់​ផ្ដើម​មើល​ត្រចៀក។ បើ​មើល​ត្រចៀក​ទៅ​ធម្មតា បាន​ន័យ​ថា វា​មិន​មែន​ឈឺ​ត្រចៀក​ទេ។ គេ​មើល​ច្រមុះ គេ​មើល​បំពង់ក គេ​ចុច​ពោះ។ កាល​ណា​កុមារ​វា​យំ​ពោះ​ឡើង​រឹង សួរ​ម្ដាយ​កូន​ផោម ឬ​អត់ គឺ​ទាំង​អស់​ហ្នឹង​ធ្វើ​ឱ្យ​គ្រូពេទ្យ​ដឹង។ សញ្ញា​មួយ​ដែល​ឱ្យ​យើង​ដឹង គឺ​មាន​តែ​យំ​ទេ យំ​ង៉ាៗ ភាគ​ច្រើន​ក្មេង​កំពុង​គេង​ស្ងៀម ស្រាប់​តែ​ភ្ញាក់​ក្រញាង​ឡើង​យំ​តែ​ម្ដង។ ប៉ុន្តែ ថា​ឈឺ​ត្រង់​ណា គឺ​អត់​ដឹង​ទាល់​​ពិនិត្យ។  ​ប៉ុន្តែ គ្រូពេទ្យ​ដឹង​ថា ការ​ដែល​ឈឺ​ញឹក​ញាប់​របស់​កុមារ​នៅ​កន្លែង​ណា គេ​ចាប់​ផ្ដើម​មើល​ម្ដង​មួយៗ។ គេ​ដឹង​រយៈ​អ៊ីចឹង គ្មាន​សញ្ញា​អ្វី​ច្បាស់លាស់​ទេ ព្រោះ​ក្មេង​អត់​ចេះ​និយាយ។ កុំ​ឃើញ​ថា អេះ​ភ្នែក​ថា​ឈឺ​ភ្នែក អេះ​ច្រមុះ​ថា​ឈឺ​ច្រមុះ គឺ​អត់​ទេ»។


ចំណុច​សម្គាល់​មួយ​ទៀត ដែល​ឪពុក​ម្ដាយ​ព្រួយ​បារម្ភ​ដែរ​នោះ គឺ​ទាក់ទង​ទៅ​នឹង​ការ​បំបៅ​ដោះ​កូន ហើយ​ចេះ​តែ​ក្អែ​ទឹក​ដោះ​មក​វិញ។ បញ្ហា​នេះ ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី មាន​ប្រសាសន៍​ថា ច្រើន​កើត​មាន​ចំពោះ​ទារក​អាយុ​ក្រោម ៧ ខែ៖ «ទារក​ក្រោម ៧ ខែ កាល​ណា​យើង​ឱ្យ​បៅ​ច្រើន​កាល​ណា កុមារ​កាន់​តែ​បៅ​ច្រើន​កាល​ហ្នឹង។ កាល​ណា​ពេញ​វា​ក្អួត ហើយ​វា​បៅ​ទៀត។ ដោយសារ​តែ​ខួរ​ក្បាល​វា​មិន​ចាស់​គ្រប់គ្រាន់​អាច​បក​ប្រែ​ខ្លួន​វា​បាន​ថា ពេញ​ក្រពះ​ហើយ​យើង​ត្រូវ​ឈប់ គឺ​អត់​បាន​ទេ»។


លោក​បញ្ជាក់​ថា បញ្ហា​នេះ​ក៏​បណ្ដាល​មក​ពី​ការ​ឱ្យ​បៅ​លើស​ចំណុះ​ដែរ៖ «ហើយ​រង់ចាំ​ថា ឈប់​ដោយ​ខ្លួន​វា វា​អត់​ឈប់​ទេ ដោយសារ​គ្នា​អត់​ដឹង​ថា​ឆ្អែត។ រហូត​ដល់​ពេល​ណា​ពេញ គឺ​ក្អួត​អស់ អស់​បៅ​ទៀត។ ដូច្នេះ មួយ​ព្រឹក​ទល់​ល្ងាច​បៅ​រហូត»។


តើ​គួរ​ធ្វើ​យ៉ាង​ណា ដើម្បី​ឱ្យ​ដឹង​ថា បំបៅ​កូន​សម​ល្មម ឬ​គ្រប់​គ្រាន់?


លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា ម្ដាយ​ដែល​បំបៅ​ដោះ​កូន​ក្នុង​រយៈ​ពេល​ចន្លោះ​ពី ១០ ទៅ ១៥ នាទី អាច​គ្រប់​ល្មម​សម្រាប់​ទារក។ ក៏​ប៉ុន្តែ លោក​វេជ្ជបណ្ឌិត​ណែនាំ​ពី​របៀប​បំបៅ​ដូច្នេះ៖ «គេ​តម្រូវ​ឱ្យ​ថា ប្រសិន​បើ​បំបៅ​ដោះ គឺ​មួយ​ចំហៀង ៥ នាទី​ទៅ​ឆ្វេង រួច​ហើយ​ស្ដាំ ៥ នាទី គឺ​គ្រប់​ហើយ។ ក៏​ប៉ុន្តែ នៅ​ពេល​ណា​ដក​វា​យំ មាន​ន័យ​ថា វា​នៅ​ត្រូវ​ការ។ ប៉ុន្តែ នៅ​ពេល​ណា​ដក​វា​ស្ងាត់ បាន​ន័យ​ថា វា​គ្រប់។ ជា​ទូទៅ ១០ នាទី​ហ្នឹង​វា​គ្រប់​ហើយ»។


កម្រិត​ទឹក​ដោះ​គោ​ត្រឹមត្រូវ​សម្រាប់​បំបៅ​កូន


ទាក់ទង​ទៅ​នឹង​សំណួរ​របស់​ឪពុក​ម្ដាយ​មួយ​ចំនួន ដែល​សួរ​ថា តើ​ធ្វើ​ដូច​ម្ដេច​ទើប​ដឹង​ថា កុមារ​បៅ​ឆ្អែត​គ្រប់គ្រាន់ ប្រសិន​បើ​យើង​បំបៅ​កុមារ​នោះ​ដោយ​ទឹក​ដោះ​គោ​ដប?


លោក​វេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី  ដែល​ជា​គ្រូពេទ្យ​ឯកទេស​រោគ​កុមារ​នៃ​មន្ទីរ​ពេទ្យ រ៉ូយ៉ាល់ រតនៈ រាជ​ធានី​ភ្នំពេញ ពន្យល់​ថា សម្រាប់​កុមារ​អាយុ​ក្រោម ១ ឆ្នាំ ចំណុះ​ទឹក​ដោះ​គោ ដែល​ត្រូវ​ឱ្យ​បៅ​តិច​បំផុត​សម្រាប់​រស់​បាន គឺ ១០០ មិល្លី​លីត្រ​ក្នុង​ទម្ងន់​ខ្លួន​កុមារ ១ គីឡូ​ក្រាម​ក្នុង​មួយ​ថ្ងៃ។


លោក​វេជ្ជបណ្ឌិត​បញ្ជាក់​បន្ថែម​ដូច្នេះ៖ «កាល​ណា​យើង​ឱ្យ​បៅ​ចាប់​ពី​ហ្នឹង​ឡើង​ទៅ​លើ មាន​ន័យ​ថា ១០០ ១២០ ១៥០ ២០០ គឺ​យើង​អាច​បៅ​បាន ប្រសិន​បើ​កុមារ​ហ្នឹង​ត្រូវ​ការ។ ក៏​ប៉ុន្តែ បើ​សិន​ជា​បៅ​ក្រោម ១០០ មិល្លី​លីត្រ​ក្នុង ១ គីឡូ​មួយ​ថ្ងៃ គឺ​ថា​កុមារ​ខ្វះ។ មិន​អាច​រស់​បាន​ទេ»។


ដើម្បី​ធានា​ថា បរិមាណ​ទឹក​ដោះ​គោ​គ្រប់គ្រាន់ លោក​វេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី ពន្យល់​អំពី​ការ​គណនា​ចំណុះ​ទឹក​ដោះ​គោ ដែល​ត្រូវ​ឱ្យ​កុមារ​បៅ​នោះ​ថា ត្រូវ​យក​ទម្ងន់​ខ្លួន​របស់​កុមារ គុណ​នឹង​ចំណុះ​ទឹក​ដោះ​គោ ១០០ មិល្លី​លីត្រ។ ឧបមា​ថា បើ​កុមារ​មាន​ទម្ងន់​ខ្លួន ១០ គីឡូ​ក្រាម ហើយ​យក​ទៅ​គុណ​នឹង ១០០ មិល្លី​លីត្រ គឺ​ស្មើ​នឹង ១០០០ មិល្លី​លីត្រ ឬ​ស្មើ ១ លីត្រ ដែល​កុមារ​នោះ​ត្រូវ​បៅ​ក្នុង​មួយ​ថ្ងៃ។


សំឡេង៖ «បើ​កូន​នោះ ១០ គីឡូ កូន​នោះ​ត្រូវ​បៅ​មួយ​ថ្ងៃ​មួយ​លីត្រ ២៤ ម៉ោង។ ដូច្នេះ ឧបមា​ថា មួយ​ពេល​បៅ ១០០ មិល្លី​លីត្រ កូន​ហ្នឹង​ត្រូវ​បៅ ១០ ដង។ បើ​បៅ ១០ ដង គឺ​ក្នុង​ពីរ​ម៉ោង​ម្ដងៗ។ កុមារ​អាច​បៅ​ញឹក​ជាង​ហ្នឹង ប្រ​សិន​បើ​វា​ត្រូវ​ការ។ ប៉ុន្តែ មិន​អាច​តិច​ជាង​ហ្នឹង​ទេ។ កាល​ណា​តិច​ជាង​ហ្នឹង ខ្វះ​មិន​អាច​រស់​បាន​ទេ។ កម្រិត ១០០ មិល្លី​លីត្រ​ហ្នឹង គឺ​ជា​បរិមាណ​ទឹក​ដោះ​គោ​តិច​បំផុត ឌេល​អាច​ឱ្យ​កុមារ​រស់រាន​មាន​សុខភាព​ល្អ។ ប៉ុន្តែ លើស​ហ្នឹង​បាន។ ១២០ ១៥០ មិល្លី​លីត្រ​បាន។ ប៉ុន្តែ ៩០ មិល្លី​លីត្រ​អត់​បាន​ទេ»។


ដូច្នេះ ជា​ការ​យល់​ដឹង​សុខភាព​កុមារ និង​ដើម្បី​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​របស់​ឪពុក​ម្ដាយ​ថ្មី​ថ្មោង ឬ​ឪពុក​ម្ដាយ​វ័យ​ក្មេង​ទាក់ទង​នឹង​ការ​បំបៅ​កូន ដែល​មាន​អាយុ​តិច​ជាង ១ ឆ្នាំ លោក​វេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី មាន​ប្រសាសន៍​បញ្ជាក់​ឡើង​វិញ​ថា ប្រការ​សំខាន់​គឺ​មិន​ត្រូវ​ឱ្យ​តិច​ជាង ១០០ មិល្លី​លីត្រ​ក្នុង ១ គីឡូ និង​ក្នុង ១ ថ្ងៃ។


សំឡេង៖ «កាល​បៅ​ទឹក​ដោះ​គោ យ៉ាង​តិច​បំផុត ១០០ មិល្លី​លីត្រ​ក្នុង​ ១ គីឡូ​ក្នុង​មួយ​ថ្ងៃ។ លើស​បាន ក្រោម​អត់​បាន​ទេ។ បើ​បៅ​ដោះ​យើង​មិន​អា​វាស់​មិល្លី​លីត្រ​បាន​ទេ គឺ​គេ​ឱ្យ​កំណត់​រយៈ​ពេល។ គេ​ឱ្យ​យើង​បំបៅ​ម្ដង ១០ នាទី។ បៅ​ដោះ​ឆ្វេង និង​ដោះ​ស្ដាំ​ឱ្យ​ស្មើ​គ្នា ព្រោះ​កាល​ណា​ឱ្យ​បៅ​តែ​ដោះ​ស្ដាំ​ដោះ​ហ្នឹង​ចេញ​តែ​ស្ដាំ​ទេ។ ដោះ​ណា​ដែល​អត់​បៅ​រឹត​តែ​អត់​ចេញ។ ដូច្នេះ ទោះ​បី​ជា​ដោះ​ហ្នឹង​អត់​ចេញ​ក៏​ដោយ ចេះ​តែ​សាក​ល្បង​ឱ្យ​កុមារ​ហ្នឹង​ជញ្ជក់​ទៅ។ កាល​ណា​ជញ្ជក់​វា​ភ្ញោច ហើយ​ពេល​វា​ភ្ញោច វា​មាន​ទឹក​ដោះ»។


លោក​វេជ្ជបណ្ឌិត មាន​ប្រសាសន៍​ថា អាហារ​មួយ​មុខ​សំខាន់​បំផុត​សម្រាប់​កុមារ​អាយុ​ចាប់​ពេល​កើត​រហូត​ដល់​បាន ៦ ខែ ដែល​ក្រពះ​នៅ​ខ្ចី គឺ​មាន​តែ​ទឹក​ដោះ​ប៉ុណ្ណោះ។


សំឡេង៖ «យើង​មិន​អាច​ឱ្យ​កុមារ​ញ៉ាំ​បបរ​នៅ​អាយុ ២ ឬ​៣ ខែ​ទេ ព្រោះ​ខ្លួន​សារពាង្គកាយ​របស់​វា​ ក្រពះ​របស់​វា សារជាតិ​ចិញ្ចឹម​នៅ​ក្នុង​ខ្លួន​ហ្នឹង វា​អត់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​កិន​កម្ទេច​អាហារ​បាន​ទេ ពី​បញរោះ​អាហារ ដែល​យើង​ញ៉ាំ​ទៅ មាន​សារជាតិ​ច្រើន​ចេញ​មក​ជួយ​រំលាយ។ ចំពោះ​កុមារ​ក្រោម ៦ ខែវា​អត់​អាច​រំលាយ​អី​បាន​ក្រៅ​ពី​ទឹក​ដោះ​គោ​ទេ។ អ៊ីចឹង​កើត​មក​ប្រិច​រហូត​ដល់ ៦ ខែ គឺ​ទឹក​ដោះ​គោ​ទេ​មួយ​គត់»។


ឯកសារ​របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​សរសេរ​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​រយៈ​ពេល ៦ ខែ ផ្ដល់​ផល​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ទាំង​កូន និង​ទាំង​ម្ដាយ។ ជា​ចម្បង គឺ​ការពារ​កុំ​ឱ្យ​កើត​ជំងឺ​ក្រពះ​ពោះវៀន។ កុមារ​ដែល​មិន​បាន​បំបៅ​ដោយ​ដោះ ឬ​បំបៅ​មិន​គ្រប់គ្រាន់ ច្រើន​កើត​មាន​ជំងឺ​រាករូស និង​ជំងឺ​ដង្កាត់​ផ្សេងៗ ទៀត។ ផល​ប្រយោជន៍​សម្រាប់​ម្ដាយ​បំបៅ​ដោះ​កូន​វិញ គឺ​ជួយ​បន្ថយ​អត្រា​កើត​ជំងឺ​លើស​ឈាម ជំងឺ​ទឹក​នោម​ផ្អែម មាន​សារធាតុ​ខ្លាញ់​កូលេស្ទើរ៉ូល (Cholesterol) ទាប និង​មិន​សូវ​ធាត់។


លោក​វេជ្ជបណ្ឌិត​ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​កុមារ​អាយុ​បាន​ពី ៦ ខែ​ឡើង​ទៅ ទឹក​ដោះ លែង​ជា​អាហារ​សំខាន់​បំផុត​តែ​មួយ​មុខ​សម្រាប់​កុមារ​ទៀត​ហើយ។ ឯកសារ​របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​សរសេរ​បន្ត​ថា នៅ​អាយុ ៦ ខែ កុមារ​ចាប់​ផ្ដើម​ត្រូវ​ការ​ឋាមពល និង​ជីវជាតិ​អាហារ​បន្ថែម​លើស​ពី​អ្វី ដែល​មាន​ក្នុង​ទឹក​ដោះ។


លោក​វេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី ថ្លែង​ថា កុមារ​អាយុ ៦ ខែ​កុមារ​អាច​ទទួល​អាហារ​បាន​ដូច​មនុស្ស​ចាស់​ដែរ គឺ​គ្រាន់​តែ​ត្រូវ​ការ​ធ្វើ​ឱ្យ​អាហារ​ល្អិត។


សំឡេង៖ «ពេល ៦ ខែ​ហ្នឹង​ខ្លួន​វា​ដូច​យើង​អ៊ីចឹង គឺ​ក្រពះ​មាន​លទ្ធភាព​ញ៉ាំ​អាហារ​យើង​ចេក វា​អាច​ចេក​បាន បបរ​ក៏​បបរ​បាន គុយទាវ​ក៏​បាន។ ក៏​ប៉ុន្តែ មាន​តែ​មួយ​ទេ គឺ​យើង​ធ្វើ​យ៉ាង​ម៉េច​ច្នៃ​អាហារ​ទាំង​អស់​ហ្នឹង​ឱ្យ​ទៅ​ជា​ទឹក ជា​របស់​មួយ​រាវ ព្រោះ​កុមារ​មិន​ទាន់​មាន​ធ្មេញ​ទំពា​ទេ។ ក៏​ប៉ុន្តែ ក្រពះ​របស់​វា​អាច​ទទួល​របស់​ហ្នឹង​អស់​ហើយ។ អ៊ី​ចឹង​ចាប់​ពី ៦ ខែ​ទៅ កុមារ​អាច​ញ៉ាំ​បាន។ យើង​ញ៉ាំ​អី វា​ញ៉ាំ​ហ្នឹង គឺ​គ្រាន់​តែ​ច្នៃ​ឱ្យ​រាវ»។


ឯកសារ​បាន​សរសេរ​ថា បើ​ទោះ​ជា​ផ្ដល់​អាហារ​បន្ថែម​ដូច្នេះ​ក្ដី ទឹក​ដោះ​នៅ​តែ​មាន​ប្រយោជន៍​ផ្ដល់​ឋាមពល និង​ជីវជាតិ​សម្រាប់​កុមារ​រហូត​ដល់ ២៣ ខែ។


ឯកសារ​របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​ណែ​នាំ​ថា ឪពុក​ម្ដាយ​គប្បី​ចាប់​ផ្ដើម​បញ្ចុក​អាហារ​ចម្រុះ​បន្ថែម​ដល់​កូន​ម្ដង​បន្តិចៗ នៅ​អាយុ ៦ ខែ។ កុំ​បារម្ភ​ខ្លាំង​ពេក​ពេល​កូន​មិន​ញ៉ាំ ហើយ​ក៏​មិន​ត្រូវ​បង្ខំ​កូន​ដែរ។ ព្យាយាម​បញ្ចុក​អាហារ​កូន ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃ​នៅ​ចន្លោះ​អាយុ​ពី ៦ ទៅ ៨ ខែ។


ការ​ផ្ដល់​អាហារ​បន្ថែម នាំ​ឱ្យ​កុមារ​ឆាប់​ចម្រើន​លូតលាស់ ទាំង​រាងកាយ និង​បញ្ញា​ស្មារតី។ ស្រប​ពេល​ដែល​កុមារ​កំពុង​ចម្រើន​លូតលាស់​ផ្នែក​បញ្ញា​ស្មារតី​នេះ​ដែរ លោក​វេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី ទាញ​ការ​ណែនាំ​មួយ​ថា ឪពុក​ម្ដាយ​មិន​គប្បី​បន្លាច​កុមារ​ទេ ព្រោះ​កុមារ​ចាប់​ផ្ដើម​ចេះ​ភ័យ​ខ្លាច នៅ​ពេល​គេ​មាន​អាយុ ១០ ខែ។


សំឡេង៖ «នៅ​ក្រោម ៥ ឬ ៦ ខែ យើង​បន្លាច​យ៉ាង​ម៉េច​ក៏​អត់​ខ្លាច​ដែរ ព្រោះ​ខួរ​ក្បាល​វា​មិន​ទាន់​ចាស់។ យើង​បន្លាច​ខ្មោច ឬ​ឃើញ​សត្វ​យើង​ថា​ប្រយ័ត្ន​វា​ខាំ វា​អត់​ទាន់​ចេះ​ខ្លាច​ទេ។ ប៉ុន្តែ ចាប់​ពី ១០ ខែ​ទៅ ខួរក្បាល​កុមារ​ចាស់​គ្រប់គ្រាន់ វា​អាច​ស្គាល់​ខ្លាច។ អ៊ីចឹង ពេល​ដែល​យើង​បន្លាច​វា​នៅ​ពេល​ហ្នឹង វា​ចងចាំ​ណាស់។ អ៊ីចឹង​ហើយ​ទើប​យើង​ឃើញ​មនុស្ស​ខ្លះ​ខ្លាច​ជីងចក់ ខ្លាច​កន្លាត គឺ​មក​ពី​កាល​អាយុ ១០ ១១ ឬ ១២ ខែ​នោះ ឪពុក​ម្ដាយ​ចូល​ចិត្ត​បន្លាច។ គាត់​មិន​ចង់​ឱ្យ​ក្មេង​កាន់​កន្លាត ខ្លាច​ប្រឡាក់​ដៃ គាត់​មិន​ចាប់​កន្លាត​ចេញ គាត់​បន្លាច​ថា ប្រយ័ត្ន​វា​ខាំ។ ការ​ដែល​យើង​បន្លាច​វា​ហ្នឹង វា​ចងចាំ»។


លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ការ​បន្លាច​កុមារ​នៅ​អាយុ ១០ ខែ​នេះ ធ្វើ​ឱ្យ​កុមារ​ចងចាំ​ការ​ភ័យ​ខ្លាច និង​បាក់​ស្បាត​ស្មារតី​ជាប់​រហូត៖ «អ្នក​អត់​ឱ្យ​កូន​លេង​តេឡេហ្វូន​ទេ (ស្រែក​ថា) អូ! ប្រយ័ត្ន​វា​ខាំ។ ក្មេង​ដល់​ថ្ងៃ​ក្រោយ ឃើញ​ទូរស័ព្ទ​វា​ខ្លាច​វា​អត់​ហ៊ាន​ប៉ះ។ វា​ទៅ​ជា​របស់​ហ្នឹង​គ្រោះថ្នាក់​ចំពោះ​វា។ ជួន​កាល​ឃើញ​កន្លែង​ងងឹត​ក្បែរ​ជណ្ដើរ​អី អត់​ឱ្យ​កូន​ទៅ​យក​ស្អី​មក​បន្លាច​វា ដោយ​ស្រែក។ វា​អត់​ទាន់​យល់​ន័យ​យើង​បន្លាច​ពី​អី​ទេ ក៏​ប៉ុន្តែ សំឡេង​យើង​ហ្នឹង វា​អាច​បក​ប្រែ​បាន​ថា សំឡេង ឬ​សូរ​ហ្នឹង​គឺ​គំរាម​វា។ ដូច្នេះ​វា​ចាប់​ផ្ដើម​ខ្លាច។ ថ្ងៃ​ក្រោយ​ដើរ​កាត់​បន្ទប់​រាង​ងងឹត​បន្តិច​វា​ខ្លាច​ហើយ ព្រោះ​ថ្ងៃ​មុន​ងងឹត​ប៉ា​វា​ធ្វើ​ហ៊ិះ​ហ៊ឹះ​ដាក់​វា ធ្វើ​ឱ្យ​វា​ខ្លាច»។


0 comments:

Post a Comment